រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រវត្តិខេត្ត

  • 6.2ពាន់
  • ដោយ SEANGHIM

(គេហទំព័ររដ្ឋបាលខេត្តកំពុងធ្វើការកែសម្រួល)

ប្រវត្តិនៃការកកើតខេត្ត​ឧត្តរមានជ័យ

  • ​​​បង្កើតលើកទី១ ​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.រ ចុះ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​១៩៦៤។
  • បង្កើតលើកទី២ ​ដោយព្រះរាជក្រម​លេខ ២៨៤ ប.រ ចុះថ្ងៃទី០១ មីនា ឆ្នាំ១៩៦៦ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។
  • បង្កើតលើកទី៣ យោង​ព្រះរាជក្រឹត្យ​លេខ នស/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ក្រោយយុទ្ធសាស្ត្រ នយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។

និមិត្ដសញ្ញាខេត្ដឧត្ដរមានជ័យ

ប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្ដឧត្ដរមានជ័យ

ខ្លឹមសារ

និមិត្តសញ្ញារបស់ខេត្តឧត្តរមានជ័យ

I. ព្រះលោកេស្វរៈ

   ​ព្រះលោកេស្វរៈ ជាអវតាព្រះវិស្ណុ តំណាងឲ្យសេចក្តីសុខ ការបង្រួបបង្រួមសាសនា គ្មានជំលោះសាសនា រឺជំលោះផ្សេងៗកើតឡើង    មានព្រះវិស្ណុ នៅទីណា ទីនោះនឹងមានសេចក្តីសុខ យ៉ាងបរិបូរណ៍  ។

II. កេត្តនៈភ័ណ្ឌ

១. កងចក្រ      :  តំណាង រដ្ឋបាលគ្រប់គ្រងដែនដី  អំណាចគ្រប់គ្រងដ៏មានបារមី កំចាត់អំពើអាក្រក់ ។

២. គម្ពីវេទ      :  តំណាងឲ្យ ការប្រកាន់គោលច្បាប់ជាធំ ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់គោល  ។

៣. ដំបងមោងកស :តំណាងវិស័យការពារជាតិ មានកងកំលាំងប្រដាប់អាវុធដ៏រឹងមាំរបស់ជាតិ។

៤. ព្រះពុទ្ធ        :  តំណាងឲ្យការគោរពព្រះពុទ្ធសាសនា  ដែលជាសាសនាតែមួយរបស់ជាតិ  ។

៥.តុមកំបោរ ឬ ថូទឹក  : តំណាងឲ្យវិស័យសុខាភិបាលមានការព្យាបាលដ៏សក្តិសិទ្ធនាំឲ្យចាកផុតទុក្ខទាំងពួង ។

៦. ផែនដី          :  តំណាងឲ្យវិស័យបរិស្ថាន   ដែលផ្តល់នូវភាពអនុគ្រោះគ្រប់យ៉ាងដល់ជីវិតរស់នៅ  ។

៧. ផ្កាឈូក       :  តំណាងឲ្យវិស័យ អប់រំ សិក្សាធិការ ការបណ្តុះបណ្តាលធនធានមនុស្សល្អសំរាប់សង្គម ។

៨. ខ្យងស័ង្ខ      :  តំណាងប្រពៃណីទំនៀមទំលាប់ ដ៏ល្អផូរផង់ ឥតខ្ចោះ របស់ជនជាតិខ្មែរ ។