រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ស្ថានភាពទូទៅ

ខេត្តឧត្ដរមានជ័យ (ជា​ភាសា​អង់គ្លេស ODDAR MEANCHEY និង​មាន​អក្សរ​កាត់ OMC)

ខេត្ដឧត្ដរមានជ័យជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដ​ទាំង២៥ ដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាមានចម្ងាយ ៤៦៩គម ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្ដចំនួន ៦ ពីខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ និងផ្លូវមួយទៀតមានចម្ងាយ ៤៤៧ គ.ម ពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦  ឆ្លងកាត់ខេត្ដចំនួន៤ គឺ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប​កាត់តាមស្រុកក្រឡាញ់ឆ្ពោះមកកាន់ទីរួមខេត្ដឧត្ដរមានជ័យដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្ដព្រះវិហារ ខាងលិចជាប់នឹងខេត្ដបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្ដសៀមរាប និងខាងជើងជាប់ជាមួយខេត្ដចំនួន៣ របស់ថៃ គឺមានខេត្ដសុរិន្ទ ខេត្ដបូរីរ៉ាំ និងខេត្ដស៊ីសាកេតមានប្រវែងសរុប ២២៤ គ.ម ។

ខេត្ដឧត្ដរមានជ័យមានផ្ទៃដីសរុបចំនួន ៦.៨៤០,៩១ គ.ម២  មានក្រុងចំនួន ០១ និងស្រុកចំនួន ០៤ សង្កាត់ចំនួន ០៥ ឃុំចំនួន ១៩ និងភូមិចំនួន ៣០៤។  ខេត្ដនេះមានច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន ០៣ គឺច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ មិនតែប៉ុណ្ណោះ ខេត្ដឧត្ដរមានជ័យក៏សម្បូរទៅដោយប្រភពធនធានធម្មជាតិជាច្រើនប្រភេទដូចជា រ៉ែមាស ត្បូង សំណ ធ្យូងថ្ម និងរ៉ែផ្សេងៗជាច្រើនទៀត។

ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង ខេត្តឧត្ដរមានជ័យ