រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃខេត្តឧត្ដរមានជ័យ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង

  • 763
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃខេត្តឧត្ដរមានជ័យ សូមផ្ញើសាររំលែកទុក្ខគោរពជូន លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ត្រូវជាបងប្រុសសម្តេចតេជោ និងត្រូវជាស្វាមីលោកជំទាវ ដែលបានទទួលអនិច្ចកម្មដោយរោគាពាធនៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តឧត្ដរមានជ័យ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំនេះ និងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេងព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលជាបងប្រុស ជាស្វាមី ជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងមកឯកឧត្តមព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចប្រកបដោយឆន្ទៈមនសិការ ក្នុងបុព្វហេតុលើកកម្ពស់តម្លៃនីតិរដ្ឋ បម្រើប្រជាជន និងប្រទេសជាតិ។

សូមបញ្ជាក់ថា សពរបស់ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

អត្ថបទទាក់ទង