រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ប៉ែន កុសល្យ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលព្យាបាលកម្រិតស្រាល និងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងក្រុងសំរោង

  • 937
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ អញ្ជើញ​ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការវិលត្រឡប់របស់បងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលព្យាបាលកម្រិតស្រាល និងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា គិតត្រឹមម៉ោងនេះ ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យបានវិវត្តដល់ចំណុចមួយគួរឱ្យព្រួយបារម្ភខ្ពស់ តែស្ថិតក្នុងការគ្រប់គ្រងបាន ដោយវាបាននឹងកំពុងឆ្លងរាលដាលចូលដល់សហគមន៍ ក្នុងនោះផងដែរអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននឹងកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។ ឯកឧត្ដមបានបន្តថា ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល ខេត្តទទួលបាននូវរថយន្តសង្រ្គោះ រោងតង់ គ្រែពេទ្យ និងសម្ភារ  វេជ្ជសាស្រ្ត រួមនឹងគ្រឿងឧបភោគបរិភោគ ឃីតដំណេកជាដើម ។ ក្នុងនោះ ក្រោមការដឹកនាំ និងចុះអនុវត្តផ្ទាល់ពីសំនាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ក្រុមការងារកំពុងដំណើរការរៀបចំពង្រីកមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកំរិតធ្ងន់ក្នុងខេត្ត ដែលនឹងរួចរាល់នាពេលដ៏ឆាប់ខាងមុខដើម្បីបំពេញសេចក្តីត្រូវការបន្ថែមនៃសភាពការណ៍ចំពោះមុខ។

ដោយគិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ-១៩ សរុប ៥.៥៧៣នាក់ (ករណីនាំចូលពីបរទេស ៤.៦៣១នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៩៤១នាក់) ក្នុងនោះបានសម្រាកព្យាបាលនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន ៣.៤៤០នាក់ ដោយព្យាបាលជាសះស្បើយ ២.២២៨នាក់, ស្លាប់ ០៩នាក់ និងកំពុងសម្រាកព្យាបាល ១.២០៣នាក់។

ក្នុងចំនួនអ្នកជំងឺទាំង ៣.៤៤០នាក់ដែលបានសម្រាកព្យាបាលនៅក្នុងខេត្ត មាន ៖

 -វីរុសបំប្លែងខ្លួនប្រភេទអាល់ហ្វា (Alpha)ចំនួន ៣.៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២.២១១នាក់ និងកំពុងព្យាបាល ១.០៩៥នាក់

 -វីរុសបំប្លែងខ្លួនប្រភេទដែលតា (Delta)ចំនួន ១២៥នាក់ (ស្រី ៥៧នាក់) ក្នុងនោះព្យាបាលជាសះស្បើយ ១៧នាក់ (ស្រី ១០នាក់) និងកំពុងព្យាបាល ១០៨នាក់ (ស្រី ៤៧នាក់) ។

អត្ថបទទាក់ទង