រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព តាមប្រព័ន្ធ Zoom

  • 976
  • ដោយ SEANGHIM

នារសៀលថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែនកុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមប្រព័ន្ធ Zoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា យោងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលខេត្តបានដាក់ចេញនូវបទបញ្ជាបន្ទាន់ដូចខាងក្រោម ៖
១-កងកម្លាំងទាំង ៣ប្រភេទរបស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តច្បាប់ និងវិធាននានាដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់បំផុត ពិសេសពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ឱ្យបានហ្មត់ចត់ (គ្រប់គ្រងចំណូល និងចំណាកស្រុក) ក្នុងករណីកើតមានហេតុការណ៍នៅមូលដ្ឋានណាដោយសារការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មូលដ្ឋាននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
២-គ្រប់ស្ថាប័ន មន្ទីរ អង្គភាពទាំងអស់ត្រូវពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលតាមជំនាញ និងផ្នែករបស់ខ្លួន និងត្រូវធានាទប់ស្កាត់ឱ្យបាននូវការរត់ពន្ធមនុស្សចេញ-ចូលតំបន់ហាមឃាត់ ក្រោមស្លាកមន្រ្តីរាជការ និងកងកម្លាំងក្នុងក្របខណ្ឌស្ថាប័ន មន្ទីរ អង្គភាពរបស់ខ្លួនក្នុងដែនសមត្ថកិច្ចខេត្ត
៣-គ្រប់កម្លាំងឈរជើងនៅតាមគោលដៅទប់ស្កាត់ការចេញ-ចូលឆ្លងកាត់ខេត្ត ត្រូវពង្រឹងការរក្សាអនាម័យផ្ទាល់ខ្លួនតាមវិធានសុខាភិបាលឱ្យបានហ្មត់ចត់។
ឯកឧត្ដម បានបញបញ្ជាក់ទៀតថា បន្ទាប់ពីបានទទួលនូវបទបញ្ជានេះ ត្រូវយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវ និងឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង