រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កាកបាទក្រហមកម្ពុជា រៀបចំផែនការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជាឆ្នាំ២០២១តាមរយៈប្រព័ន្ធ(ZOOM)

  • 910
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួម ប្រជុំ រៀបចំផែនការអភិវឌ្ឍសាខាកាកបាទក្រហមកម្ពុជាឆ្នាំ២០២១តាមរយៈប្រព័ន្ធ(ZOOM) ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ។

កិច្ចប្រជុំប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម ៖

១/ បទអន្តរាគមរបស់គណៈកម្មាធិការសាខាអាណត្តិទី៥ ពីមោនទនភាពក្នុងការអភិបាលគ្រប់គ្រងសាខា និងបញ្ហាប្រឈម។
២/ ពិគ្រោះយោបល់ និងណែនាំពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន (យុទ្ធសាស្រ្ត២០២១-២០៣០ និងការអភិវឌ្ឍសាខា)
៣/ មតិបូកសរុបកិច្ចប្រជុំ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលជូនសាខា កក្រក ទាំង ២៥ រាជធានី-ខេត្ត និងទិសដៅការងារឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះ សាខា កក្រក ទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងបំពេញបេសកកម្មជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនាពេលកន្លងមក។

ជាមួយគ្នានេះ លោកជំទាវ បានផ្តល់នូវគោលគំនិតសំខាន់ៗជូនសាខាទាំង២៥ អំពីកិច្ចការងារចម្បងៗនៃវិស័យស្នូលទាំង៤ ដែលរួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤. ការអភិវឌ្ឍស្ថាប័ន និងធនធាន។ ទន្ទឹមនឹងនេះ លោកជំទាវ បានរំលឹកអំពីប្រតិទិនការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដែលជាសំណូមពរដល់សាខាទាំង២៥ សូមអនុវត្តផែនការសកម្មភាពអប្បបរមារបស់សាខាទៅតាមប្រតិទិនការងារទាំងនោះ ដើម្បីទទួលបានសមិទ្ធផលគួរជាទីមោទនៈថែមទៀត ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌៕

អត្ថបទទាក់ទង