រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលថ្នាក់តំបន់ ស្ដីពីសកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ច

  • 847
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ) នាព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ ទេស ចាន់សារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី  លោកជំទាវ មុំពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលថ្នាក់តំបន់ ស្ដីពីសកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ច ដោយមានការអញ្ជើញចូលរួមពីមន្ទីរកិច្ចការនារីទាំង៧ ខេត្ត សរុបមានប្រមាណជាង៤០ រូបបានចូលរួម។

បន្ទាប់ពីលោកជំទាវ មុំពុទ្ធីតា មានមតិសំណេះសំណាលជាមួយនឹងអង្គសិក្ខាសាលារួចមក លោកជំទាវ ទេស ចាន់សារឿន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទាំងពិភពលោកកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ឈ្មួញជួញដូរបានឆ្លៀតឱកាសនេះ ធ្វើសកម្មភាពជួញដូរមនុស្សតាមរូបភាពឆបោកនានា ដូចជារកការងារឱ្យធ្វើ និងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនៅក្រៅប្រទេសជាដើម។ លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពកូវីដ-១៩ មានឈ្មួញខិលខូច មានបំណងជួញដូរមនុស្ស បានបំផុសឱ្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកតាមច្រករបៀង តាមរយៈមេខ្យល់ជាអ្នកនាំផ្លូវ ដោយប្រជាពលរដ្ឋទាំងនោះ ត្រូវបង់ប្រាក់កម្រៃឱ្យទៅមេខ្យល់ ហើយក្រោយមកក៏បានក្លាយជាជនរងគ្រោះដោយសារអំពើជួញដូរទាំងនោះ។លោកជំទាវ ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេង ដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។

អត្ថបទទាក់ទង