រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

  • 649
  • ដោយ SEANGHIM

នាព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅសាលប្រប្រជុំសាលាខេត្តឧត្ដរមានជ័យ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៤.សេចក្ដីរាយការណ៍អំពីបញ្ហាប្រឈមនានារបស់គណៈកម្មាធិការទាំង៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នខេត្តឧត្តរមានជ័យ កំពុងទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខណៈដែលប្រទេសថៃកំពុងតែផ្ទុះនៅវីរុសកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ឯកឧត្តមក៏បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមគ្រូពេទ្យរួមទាំងក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បានបន្តថា រដ្ឋបាលខេត្តក៏បានទទួលការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល សម្រាប់ជួយផ្គត់ផ្គង់ជាចំណីអាហារជូនដល់ពលករជាបន្តបន្ទាប់ផងដែរ ក្នុងកំឡុងពេលធ្វើចត្តាឡីស័កក្នុងខេត្តឧត្ដរមានជ័យ។ នារសៀលនេះដែរ ឯកឧត្ដម  អភិបាលខេត្ត ក៏មានការណាត់ជួបពិភាក្សាការងារជាមួយឯកឧត្តម អភិបាលខេត្តសុរិន្ទ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធព្រមទាំងក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់ក្នុងការយកចិត្តទុកដាក់បំពេញការងារដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលដោយអនុវត្តនូវវិធានការ ៣ ការពារ ៣ កុំ៖
ក.អនុវត្ត ៣ ការពារ
  -ពាក់ម៉ាស
  -លាងដៃអោយបានញឹកញាប់
  -គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ ម៉ែត្រកន្លះ ឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។
ខ.អនុវត្ត ៣ កុំ
  -កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូលល្អ
  -កុំទៅកន្លែងមនុស្សច្រើនកុះករ
  -កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ១១៥។ស៊ាងហ៊ីម

អត្ថបទទាក់ទង