រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដមទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​ ក្នុង​ការ​បញ្ចប់​ការ​គម្រាម​កំហែង​ដោយ​សារ​មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​កម្ពុជា​​

  • 988
  • ដោយ SEANGHIM

រសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមាន​ការអញ្ជេីញ​ចូលរួម​ជា​គណៈ​អធិបតី​ពី​ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍សំណេះសំណាលលើកឡើងថាកម្ពុជាទទួលរងនៅសង្គ្រាម ជាច្រើនទសវត្សរ៍ដែលបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ទៃក្នុង និងនៅតំបន់ព្រំដែនជាបន្តបន្ទាប់ សង្រ្គាមបានអូសបន្លាយអស់រយៈពេលយ៉ាងយូរចាប់ពីសតវត្សទី៦០ រហូតដល់ឆ្នាំ ១៩៩៨។ ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានគ្រាប់មីនប្រមាណប្រហែលពី៤ ទៅ៦ លានគ្រាប់ ចាប់ពីខេត្តកោះកុង រហូតដល់ខេត្តព្រះវិហារ នៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ តាមរយៈការទម្លាក់គ្រាប់ពីលើអាកាសដោយសហរដ្ឋអាមេរិក មានជាង ២៧៥ លានតោន។ ឯកឧត្តម បានបន្តថាខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឲ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។ សង្គ្រាមបានចប់រលត់ទៅតែបានបន្សល់ទុកនូវគ្រប់មីននៅលើផ្ទៃដីចំនួនប្រមាណ ២៦០៧២ ហិកតា ដែលត្រូវសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កេរ្តិ៍ដំណែលពីសង្រ្គាមទាំងនេះមិនត្រឹមតែឆក់យកអាយុជីវិត នឹងធ្វើឲ្យពិការដល់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានឧបសគ្គ រារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀតផង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​ ក្នុង​ការ​បញ្ចប់​ការ​គម្រាម​កំហែង​ដោយ​សារ​មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​កម្ពុជា​​ ដែល​ការងារ​បោស​សម្អាត​នេះ​ ត្រូវ​ការនូវ​ធនធានមនុស្ស សម្ភារះ និងថវិកាជាច្រើនទើបជម្រុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងកម្លាំងនគរបាល ដែលមានតួនាទីភារកិច្ចក្នុងការផ្សព្វផ្សាយការយល់ដឹងក្នុងវិស័យនេះផងដែរ និងបានពាំនាំនូវអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
១.ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំយល់ដឹងអំពីមីន ដែលមិនទាន់ផ្ទុះពីសង្គ្រាម ឲ្យបានទូលំទូលាយជាសាធារណៈនៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីជៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
២.ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនៅសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់ប្រតិបត្តិករជាតិ និងអន្តរជាតិ។
៣.ស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន នៅតាមសាលារៀន។
៤.ស្នើឲ្យកងកម្លាំងនគរបាលខេត្ត ឬប៉ុស្តិ៍នគរបាល ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះឲ្យដល់សហគមន៍ និងស្នើឲ្យអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគ្រាប់យុទ្ធភណ្ឌដែលសល់ពីសង្គ្រាមផងដែរ និងស្នើឲ្យអនុវត្តច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

អត្ថបទទាក់ទង