រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រាសាទតាមាន់

ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ  ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំមានទំហំ ៦០មX៦០ម សាងសង់ អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក ដោយប្រាសាទនេះ បានធ្វើការចុះបញ្ជីសារពើភណ្ឌ័របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បះរួចហើយ។តាមការវាយតម្លៃរបស់អ្នក បុរាណវិទ្យាបានបញ្ជាក់ថា សំណង់ ស្ថាបត្យកម្មប្រាសាទ នេះបានសាងសង់រួចហើយ ប៉ុន្តែផ្នែកចម្លាក់រចនាវិញ យើងសងេ្កតឃើញថានៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់ឆ្លាក់។ ម្យ៉ាងទៀតប្រាសាទតាមាន់ មានកំពែង ព័ទ្ធជុំវិញបែរ ទៅរកទិសខាងត្បូងដែលគេឆ្ងល់ថាហេតុអ្វី? នេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំង ភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែរទៅរក ទិសខាងត្បូង។ ចំណែកឯតួប្រាសាទទាំងមូល សាងសង់ មកជាប់នឹងចម្រាក់ដីតែម្តង។

  អ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណអាច និងយល់ស្របគ្នាថា ប្រាសាទនេះ គឺជាស្នាមព្រះហស្ថ នៃព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏នៅជំនាន់ ឬរាជ្យនោះ (ផ្នែកទី១ នៃសតវត្សទី១១) ថ្វីត្បិតតែពុំឃើញមានសិលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយ។

  បើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះសិវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់ សសរលិង្គរបស់ព្រះសិវៈ ដែលគេហៅថា ស្វ័យម្ភូវលិង្គ “Svayambhuva Linga”  មានន័យថា លិង្គកើតឡើង ដោយឯកឯង។ ស្វ័យម្ភូវលិង្គ “Svayambhuva Linga”  គឺជាទីតាំងដ៏ពិសេសបំផុត សម្រាប់សម័យបុរាណហើយ ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះ។

  នៅក្នុងទីតាំងប្រាសាទនេះ គឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះ យើងយោងទៅតាម សិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។

  ប្រការគួរអោយចាប់អារម្មណ៍មួយទៀត គឺគេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសាងសង់ផ្ទាល់លើថ្មភ្នំដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយប្រហែលជាយកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ។ ចំពោះបដិមាវិញយើងពុំទាន់ឃើញមាន អ្វីទាំងអស់លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមា ធម្មជាតិស្រាប់។ នេះគឺជាសាច់ថ្មដុះមកលើត្រង់ហើយ ដែលខ្មែរបុរាណចាត់ទុកថាជាលិង្គ ។សូមជ្រាបថាលិង្គមានពីរបែប។ លិង្គដែលមនុស្សឆ្លាក់ហើយអាចប្តូរទី កន្លែងបានដែលគេតែងយកទៅ តំកល់បញ្ចុះក្នុងយោនីនោះគេហៅថា“ស្ថាបិតលិង្គ“។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុង ដីហើយដែលមានរូបរាងលេចចេញមកលើល្មមអាចឱ្យគេចាត់ទុកថា ជាលិង្គបានគេហៅថា “ ស្វ័យម្ភូវលិង្គ “ ន័យថាលិង្គដែលកើតឡើងដោយឯកឯង។ ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរគឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះភ្ជាប់នៅក្រៅបរិវេណ ប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត “ សោមសូទ្រ “ ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅដើម្បីសាសនិកនានាត្រងយកទៅប្រើ ក្នុងជំនឿផ្សេងៗរៀងៗខ្លួន ។

អត្ថបទទាក់ទង