រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកត្រពាំងប្រាសាទ៖

  • 1.2ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ នៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ២១០នាក់។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលការណ៍នយោបាយវិមជ្ឈការ និងសហវិមជ្ឈការមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
ទី០១. ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោត បង្កើតក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង/ស្រុក/ខណ្ឌ/ឃុំ/សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី០២ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការផ្លាស់ប្ដូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្ដែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទី០៣ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើសេចក្ដីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរយៈពេល ១០ឆ្នាំ ២០១០ ឆ្នាំ ២០២០ ដើម្បីផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់រៀបចំអង្គការ ជាជំហានៗធានាដល់ការឯកភាពគ្នា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាលគិតរហូតមកដល់ពេលនេះយើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល ០៩ឆ្នាំ ហើយដោយសម្រេចបានសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់រួមមានជាអាទិ៍៖
១ ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
២ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣ ការបង្កើតមូលនិធិឃុំ/សង្កាត់ និងក្រុង/ស្រុក រួមទាំងធ្វើវិមជ្ឈការហិរញ្ញវត្ថុ
៤ ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ
៥ ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង/ស្រុក/ខណ្ឌរួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុក ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្ត្រីរាជការ នៃការកែទម្រងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថ្មីនេះ។

ជាចុងក្រោយ ឯកឧត្តម បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ ដឹងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពធ្វើការ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់នៃស្រុកត្រពាំងប្រាសាទ ត្រូវខិតខំបំពេញការងាររួមគ្នាដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតបន្ទាប់ពីការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

អត្ថបទទាក់ទង