រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង លើកទី២ ឆ្នាំ២០២០

(ឧត្តរមានជ័យ)៖  នៅព្រឹកថ្ងៃចន្ទ  ១១រោច  ខែបុស្ស  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២០  ខែមករា  ឆ្នាំ២០២០  ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងឯកឧត្តម  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង  លើកទី២  ឆ្នាំ២០២០  និងការធ្វើសន្និសិទសារព័ត៌មាន   រៀបចំដោយក្រសួងទេសចរណ៍  សហការជាមួយរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ  ដោយមាបចូលរួមពីរដ្ឋបាលស្រុកអន្លង់វែង  មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យនិងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង  នៅសាលប្រជុំធំសាលាស្រុកអន្លង់វែង។

ជាមួយគ្នានេះ  ក៏មានការអញ្ជើញចូលរួមពី   ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍  ប្រធាននាយកដ្ឋានកីឡាទេសចរណ៍ អភិបាល -អភិបាលរងស្រុកអន្លង់វែង  ប្រធានមន្ទីរទេសចរណ៍  អនុប្រធានមន្ទីរបរិស្ថាន  តំណាងមន្ទីរអប់រំ  យុវជន  និងកីឡា  មន្ទីរសុខាភិបាល កងកម្លាំងទាំងបីប្រភេទ  មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង  អ្នកពាក់ព័ន្ធនានា  និងភាគីខេត្តស៊ីសាកេត  នៃព្រះរាជាណាចក្រថៃ។

ទន្ទឹមនេះ  ឯកឧត្តម  អភិបាលរងខេត្ត  បានមានប្រសាសន៍រំលឹកដែរថា  ស្រុកអន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ពួកខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់ជានិមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨  ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍសង្គមជាតិរីកចម្រើនលើគ្រប់វិស័យ។

អរគុណ សន្តិភាព  ដែលបានញ៊ាំងឱ្យមាននូវព្រឹត្តិការណ៍កីឡាបែបកម្សាន្ដ លើទឹកដីប្រវត្តិសាស្រ្តនេះ  ដែលជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម។  នៅក្នុងឆ្នាំ២០២០នេះ  ជាលើកទី២ ដែលស្រុកអន្លង់វែងបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះឡើង  ដែលក្នុងព្រឹត្តិការណ៍លើកទី១ កន្លងទៅ  ទទួលបានអ្នកចូលរួមចំនួនជាង  ១,៤០០នាក់លើសពីការរំពឹងទុក  ក្នុងនោះអ្នករត់ចម្ងាយ ៣គីឡូម៉ែត្រប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ ៦គីឡូម៉ែត្រប្រមាណជាង ៦០០នាក់ ពិសេសក៏មានការចូលរួមពីប្រជាពលរដ្ឋថៃជិត២០០នាក់។

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តម  អភិបាលរងខេត្ត  ក៏បានជម្រុញឱ្យអាជ្ញាធរស្រុក  កងកម្លាំង  និងអ្នកពាក់ព័ន្ធទាំងអស់  ត្រូវចូលរួមសហការ  ថែរក្សាសណ្តាប់ធ្នាប់  សម្អាត  អនាម័យ  បរិស្ថានឱ្យបានស្អាតល្អទាំងមុន  និងក្រោយចប់ព្រឹត្តការណ៍នេះ។ ជាពិសេសម្ចាស់អាជីវកម្មសណ្ឋាគារ  ផ្ទះសំណាក់  ផ្ទះស្នាក់  ភោជនីយដ្ឋាន  អាហារដ្ឋាន  សេវាម្ហូបអាហារ  មិនត្រូវយកឱកាសនេះ  ធ្វើការតំឡើងថ្លៃនោះទេ។ ម្យ៉ាងទៀតត្រូវមាន នូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទុកដាក់  វេចខ្ចប់សំរាម  កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ។

អត្ថបទទាក់ទង