រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដរមានជ័យ អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ

  • 1.6ពាន់
  • ដោយ SEANGHIM

ខេត្តឧត្ដរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់ឲ្យស្ថិតថេរគង់វង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាល។ ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងពិធីសំណោះសំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណសួនច្បារសាលាខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត, មន្ទីរអង្គភាពជំវិញខេត្ត កម្លាំងទាំងបីប្រភេទសរុបជាង១០០០នាក់។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងបន្ថែមថា ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមឲ្យខានតែបាននូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់នូវវិធានការទប់ស្កាត់ការប៉ុនប៉ង របស់ពួកក្បត់ជាតិ ដែលចង់ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតជាតិ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងមកក្រុមឧក្រិដ្ឋជនក្បត់ជាតិ បានចេញនូវព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គម ជាពិសេសថ្មីៗនេះ វាបានបំប៉ោងព័ត៌មានថា សុទ្ធតែពលករ ដែលធ្វើការនៅប្រទេសថៃ នាំគ្នាសម្រុកចេញតាមច្រកទ្វារអន្តរជាតិទៀតផង ដោយព័ត៌មានទាំងនេះសុទ្ធតែមិនពិតទាំងអស់។ ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តឧត្ដរមានជ័យ សូមកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ប្រសិនជាមានការចល័តកម្លាំងណាមួយ ព្រោះនេះជាការហ្វឹកហ្វឺន បង្កើនសមត្ថភាព ប្រសិទ្ធភាព ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះផងដែរ ក៍មានការផ្តល់នូវអំណោយ និងលើកទឹកចិត្ត ពីឯកឧត្ដមអភិបាលខេត្ត ព្រមទាំងតាមមន្ទីរ-អង្គភាពជំវិញខេត្ត ដែលដូចជា អង្ករ ទឹកសុទ្ធ ត្រីខ និងមីជាដើម៕

អត្ថបទទាក់ទង