រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងសារាចរស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីនីតិ វិធីនៃការ គ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងសារាចរស្តីពីសុវត្ថិភាពសម្រាប់ ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដល់ក្រុមហ៊ុន ម្ចាស់អាជីរកម្មស្ថានីយប្រេង និងឧស្ម័នឥន្ធនៈក្នុងខេត្ត ឧត្តរមានជ័យ រៀបចំដោយមន្ទីររ៉ែ​​ និងថាមពលខេត្ត។ និងដោយមានការចូលរួមពីលោក ជា សុជាតិ អគ្គនា-យករង នៃអគ្គនាយកដ្ឋានប្រេងកាត អភិបាលក្រុងសំរោង អភិបាលរងស្រុក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មេឃុំ ចៅសង្កាត់ និងបងប្អូនម្ចាស់អាជីវកម្មស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម បានគូសបញ្ជាក់ពីគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីធានាឱ្យបាន នូវការគ្រប់គ្រងហានីភ័យ និងសុវត្ថិភាព ជាពិសេសជាងនេះទៅទៀតនោះ ឱ្យបងប្អូនដែលជាម្ចាស់អាជីវកម្មបាន យល់ដឹង និងជ្រាបច្បាស់អំពីច្បាប់ នីតិវិធី បទដ្ឋានបច្ចេកទេស សុវត្ថិភាព ការគ្រប់គ្រង និងការរក្សាបាននូវសុវត្ថិ ភាពជាស្តង់ដារមួយនៅតាមស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជម្រុញឱ្យបងប្អូន ម្ចាស់អាជីវកម្មទាំងនោះ ត្រូវមកសុំច្បាប់ធ្វើអាជីវកម្មស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ តាមរយៈមន្ទីររ៉ែ និងថាមពលខេត្ត។

ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ រួមមានក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសមន្ទីររ៉ែ និងថាមពលខេត្ត បងប្អូនម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមក្នុងការអនុវត្តច្បាប់ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គសិក្ខាសា លាផ្សព្វផ្សាយប្រកាសស្តីពីនីតិ វិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងសារាចរស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈនាថ្ងៃនេះ។

អត្ថបទទាក់ទង