រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិនិទ្ទេសB ចំនួន០៥នាក់មកពី ក្រុងសំរោងត្រូវបានទទួលរង្វាន់លេីកទឹកចិត្តពី ឯកឧត្តមអភិបាលខេត្តឧត្ដរមានជ័យ ដោយផ្តល់ជូនក្នុងម្នាក់ទូរស័ព្ទ ១គ្រឿង និងថវិកាចំនួន៤០,០០០៛

  • 1.5ពាន់
  • ដោយ SEANGHIM

នៅសៀលថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្នាក់ទី១២ និងសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ក្រុងសំរោង និងស្រុកចុងកាល់។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាព កងកម្លាំងប្រដាប់ លោក លោកស្រីសមាជិក ក្រុមប្រឹក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ពិធីនេះប្រព្រឹត្តិទៅនៅសាលាប្រជុំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្ដរមានជ័យ

 នាឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះប្អូនៗដែលបានខិតខំរៀនសូត្ររហូតប្រលងជាប់ បាននាំមកនូវកិត្តយសសំរាប់ខ្លួនឯង គ្រួសារ សាលារៀន និងខេត្តយើងផងដែរ។នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសវិស័យអប់រំ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែបទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀន មានទៅដល់មូលដ្ឋានផ្ទាល់ ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយទៀតត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញ ដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។

ទន្ទឹមនឹងយើងទទួលបានលទ្ធផលល្អនេះ ប្អូនៗឬក្មួយៗ ត្រូវ ខិតខំសិក្សាបន្ថែមទៀត នៅសាកលវិទ្យាល័យ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានពូកែ
ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សំរាប់សង្គមជាតិយើង។

បញ្ជាក់៖ បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិនិទ្ទេសB ចំនួន០៥នាក់មកពី ក្រុងសំរោងត្រូវបានទទួលរង្វាន់លេីកទឹកចិត្តពី ឯកឧត្តមអភិបាលខេត្ត ដោយផ្តល់ជូនក្នុងម្នាក់ទូរស័ព្ទ ១គ្រឿង និងថវិកាចំនួន៤០,០០០៛ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង៤៤នាក់ ក្នុងម្នាក់ទទួល់បានថវិកា ១០០,០០០៛ និងសិស្សានុសិស្ស៤៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០,០០០៛

អត្ថបទទាក់ទង