រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ យកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់បញ្ហាគ្រឿងតាមបណ្តោយព្រំដែនកម្ពុជា ថៃ

  • 975
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ វេលាម៉ោង ១០:០០នាទីព្រឹក  ការិយាល័យទំនាក់ទំនងព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិជាំ (BLO) នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ ជាមួយស្នាក់ការទំនាក់ទំនងដោះសា្រយបញ្ហាគ្រឿងញៀនជាយដែនថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ និងភាគីថៃដឹកនាំដោយឯកឧត្តម សុងផុន ចៃគ្រិប អភិបាលរងខេត្តស៊ីសាកេត ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំជាន់ទី២ ក្នុងសណ្ឋាគារសាងុំា រីស៊ត ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ឯកឧត្តម លឹម សុខតូ បានមានប្រសាសន៍ស្វាគមន៍ប្រតិភូថៃ និងកម្ពុជា និងបានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងកិច្ចសហការគ្នាកម្ពុជា-ថៃ ក្នុងការទប់ស្កាត់គ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា ថៃឲ្យកាន់តែបានល្អប្រសើរបន្ថែមទៀត ។

ផ្អែកតាមរបាយការណ៍នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងស្រុកភូស៊ីង ខេត្តស៊ីសាកេត បានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តោយព្រំដែន ក្នុងការខិតខំការបង្រ្កាបបទល្មើសគ្រឿងញៀន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លឹម សុខតូ ប្រធានប្រតិភូភាគីកម្ពុជាថ្លែងអំណរគុណចំពោះសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការគាំទ្រ និងអនុវត្តផែនការសកម្មភាពនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីយន្តការគាំទ្រ និងការអនុវត្តដែលមានពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដា្ឋនឃុំ-សង្កាត់ ។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុសរួចមក ឯកឧត្តមសហប្រធាននៃអង្គប្រជុំបានឯកភាពតាមរបាយការណ៍ដែលបានលើកឡើង និងមតិចូលរួមពីសមាជិកអង្គប្រជុំព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តអនុវត្តតាមខ្លឹមសាររួមដែលបានលើកឡើងដើម្បីធ្វើយ៉ាងណាឲ្យបញ្ហាគ្រឿងញៀននៅតាមបណ្តោយព្រំដែនរវាងស្រុក និងស្រុកនិយាយដោយឡែក និងនិយាយជារួមតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរត្រូវបានទប់ស្កាត់ និងដោះស្រាយទាន់ពេលវេលា ។

គួរបញ្ជាក់ផងដែរថា ខេត្តឧត្តរមានជ័យមានការិយាល័យទំនាក់ទំនងព្រំដែន(BLO) ចំនួន៣កន្លែងជាមួយនឹងខេត្តបីនៃព្រះរាជាណាចក្រថៃរួមមាន៖ ទី១-ការិយាល័យBLO ជាំ ( ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) និងសាងុំា (ស្រុកភូស៊ីង ខេត្តស៊ីសាកេត) ទី២-ការិយាល័យBLO អូរស្មាច់ (ក្រុងសំរោង ខេត្តឧត្តរមានជ័យ) និងឆងចម (ស្រុកកាប់ជើង ខេត្តសុរិន្ទ) និងទី៣-ការិយាល័យBLO ជប់គគីរ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ )និងសាយតាគូ (ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ) ៕

អត្ថបទទាក់ទង