រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

​​រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (940)

រលុះ​ធំ គឺ​ជា​ឈ្មោះ​តំបន់​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ដី​ហូរ​ច្រោះ ហើយ​ផ្ទាំង​ដី​ខ្លះ​បាន​នៅ​សល់​បង្កើត​ទៅ​ជា​រូបរាង​ដូចជា​សសរ​វិហារ ឬ​ក៏​សំណង់​ប្រាសាទ​បុរាណ​ផ្សេងៗ ជាដើម។ ទីនោះ​ស្ថិត​នៅ​ភូមិ​ខ្នាចឫស្សី សង្កាត់​បន្សាយរាក់ ក្រុង​សំរោង បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​លិច​ត្រង់ មាន​ចម្ងាយ​តែ ១២​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​បើ​ចេញ​តាម​ផ្លូវ​អូរស្មាច់ គឺ​មាន​ចម្ងាយ​រហូត​ដល់​ទៅ ៣២​គីឡូម៉ែត្រ។

បច្ចុប្បន្ន រលុះ​ធំ កំពុង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះ​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​ធម្មជាតិ​របស់​វា​យ៉ាង​ខ្លាំង។

មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មើល​ឃើញ​ថា តំបន់​ដី​ហូរ​ច្រោះ​រលុះ​ធំ គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា និង​កម្សាន្ត​ទេសភាព​ធម្មជាតិ​របស់​វា ព្រម​ទាំង​អាច​បង្កើត​ការងារ​ខ្លះ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ជិត​នោះ អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បាន​នៅ​ពេល​អនាគត។

ដោយសារ​តែ​មើល​ឃើញ​សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ក្រុង​សំរោង រៀបចំ​គម្រោង​អភិរក្ស​តំបន់​ធម្មជាតិ​នៅ​ទីនោះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចូល​ទៅ​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​រៀបចំ​ផ្សព្វផ្សាយ​ទៅ​លើ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ គឺ​អ្នកស្រី ធិន នីមុន្នីរស្មី។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ក្រុង​សំរោង កំពុង​សហការ​គ្នា​ចុះ​បោះ​ព្រំ​ដើម្បី​កំណត់​ផ្ទៃ​ដី​រលុះ​ធំ​នេះ​ទុក កុំ​ឲ្យ​មាន​ការ​ចូល​ទៅ​រំលោភ​យក​ដីធ្លី​ទីនោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ តំបន់​រលុះ​ធំ ក្រៅ​តែ​ពី​មាន​ទេសភាព​ដី​ច្រោះ​បង្កើត​បាន​ជា​សិល្បៈ​ធម្មជាតិ​ម្យ៉ាង មាន​ទ្រង់ទ្រាយ​ដូចជា​សសរ​ព្រះវិហារ ឬ​ក៏​ប្រាសាទ​ធ្វើ​ពី​ដី​ជាដើម​នោះ វា​ក៏​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ត្បូង​ថ្ម​ប្រភេទ​និល ព្រម​ទាំង​មាន​ធម្មជាតិ​គួរ​ឲ្យ​ទាក់ទាញ​ដែរ។

អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍​មាន​គម្រោង​អភិវឌ្ឍន៍ និង​កែច្នៃ​តំបន់​រលុះ​ធំ ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅ​ពេល​អនាគត ក៏ប៉ុន្តែ​បច្ចុប្បន្ន គេ​នៅ​រង់ចាំ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៨ ឆ្លង​កាត់​តំបន់​នោះ​ឲ្យ​រួច​រាល់​សិន៖ «ក្រោយ​ពី​ផ្លូវ​លេខ​៥៨ កើត​ស្រួលបួល​ជា​ផ្លូវ​កៅស៊ូ​ហើយ យើង​នឹង​អាច​លើក​ស្លាក​សម្គាល់ ហើយ​និង​អាច​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​នោះ ព្រម​ទាំង​អភិរក្ស​ដី​ទីនោះ​កុំ​ឲ្យ​វា​បាត់បង់»

បច្ចុប្បន្ន មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះៗ​បាន​នាំ​គ្នា​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ ក៏ប៉ុន្តែ​ចំនួន​អ្នក​ទេសចរ​ហាក់​នៅ​មាន​កម្រិត​តិចតួច ដោយសារ​តែ​ផ្លូវ​មិន​ទាន់​ល្អ​ប្រសើរ និង​មិន​មាន​អ្នក​បម្រើ​ផ្នែក​សេវាកម្ម​ទេសចរណ៍​នៅ​ឡើយ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 7 ខែ​សីហា 2020
ថ្ងៃ​ចន្ទ, 29 ខែ​មិថុនា 2020
ថ្ងៃ​សុក្រ, 12 ខែ​មិថុនា 2020
ថ្ងៃ​សុក្រ, 29 ខែ​ឧសភា 2020

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 7 ថ្ងៃមុន