រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ​ អញ្ជើញជាអធិបតី ក្នុងកម្មវិធី រំលឹកគុណគ្រូនៅ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីគរុគុណ ឬរំលឹកគុណគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាព រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍លើកឡើងថា ពិធីរំលឹកគុណលោកគ្រូ អ្នកគ្រូ គឺជាពិធីមួយដែលបញ្ជាក់អំពីទឹកចិត្តកតញូរបស់សិស្សានុសិស្ស គ្រប់រូប​ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សគ្រប់រូបឲ្យមាននូវពុទ្ធិច្បាស់លាស់ប្រកបដោយបញ្ញាញាណក្នុងការត្រិះរិះនូវរាល់កិច្ចការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃប្រកបដោយគុណធម៌ និងសិលធម៌ល្អក្នុងសង្គម ដើម្បីក្លាយទៅជាទំពាំងស្នងឬស្សី អភិវឌ្ឍន៍កសាងប្រទេសជាតិឲ្យមានការរីកចម្រើននៅពេលអនាគត់។

ឯកឧត្ដម បន្ដថា ក្រៅពីឪពុកម្តាយគឺមានលោកគ្រូ អ្នកគ្រូនេះហើយ ដែលជាមាតា បិតាទី២ របស់សិស្សានុសិស្សទាំងអស់គ្នា ដែលពួកគាត់​បានបង្ហាត់​បង្រៀននូវចំណេះដឹងជាច្រើនដល់សិស្សគ្រប់គ្នា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ល្អៗ មានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំ ក្លាយខ្លួនទៅជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព ក្នុងការកសាងប្រទេសជាតិផងដែរ។

ក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្ដម ប៉ែន កុសល្យ ក៏បានផ្ដាំផ្ញើរ ទៅដល់ សិស្សានុសិស្ស ទាំងអស់ ត្រូវតែខិតខំរៀនសូត្រឲ្យពូកែ និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិនាពេលអនាគត់ ជាពិសេសនោះ សិស្សានុសិស្ស ត្រូវមានក្រមសីលធម៌ក្នុងការរស់នៅ និងស្តាប់ដំបូន្មានរបស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងគោរពវិន័យជាដាច់ខាត ព្រោះវិន័យនេះហើយ គឺជាក្រមសីលធម៌មិនអាចខ្វះបាន ដូចពាក្យស្លោកមួយ បាននិយាយថា «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ»។

អត្ថបទទាក់ទង